គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ដំណើរវិលត្រឡប់មកកម្ពុជាវិញរបស់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង : បើគិតមកទល់ពេលនេះគឺរយៈពេល៣០ឆ្នាំហើយ

កាលបរិច្ឆេទ: ១០ សីហា ២០២២ / សុខភាព

កាលពីដើមខែសីហា មានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃ ក្រុមហ៊ុនសហគ្រាស ប៉េប៉េអឹមខនហ្វីរេល ដែលតែងតែកើតឡើងរៀងរាល់បីខែម្តង ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកជាន់ខ្ពស់មកពីគ្រប់នាយកដ្ឋាននៃសហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុនខនហ្វីរេល។ អ្នកចូលរួមទាំងអស់បានបង្ហាញពីសមិទ្ធិផលដែលនាយកដ្ឋានរបស់ខ្លួនទទួលបាន និងបង្ហាញពីគោលដៅចម្បងៗរបស់ខ្លួនទៅថ្ងៃខាងមុខ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងស្របពេលជាមួយគ្នានឹងខួប៣០ឆ្នាំនៃការវិលត្រឡប់មកកម្ពុជាវិញរបស់លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ស្ថាបនិកក្រុមហ៊ុន​ និងសហគ្រាស។ បន្ទាប់ពីបានចាកចេញពីទីក្រុងភ្នំពេញប៉ុន្មានថ្ងៃមុនពួកខ្មែរក្រហមចូលកាន់កាប់អំណាចមក លោកក៏បានព្យាយាមត្រឡប់មកមាតុប្រទេសវិញនៅឆ្នាំ១៩៩០ និងនៅឆ្នាំ១៩៩១។ ប៉ុន្តែកាលណោះ ប្រទេសវៀតណាម ដែលត្រួតត្រាលើខ្មែរជាអ្នកសម្រេចថាអ្នកណាអាចចូលមកប្រទេសវិញបានឬមិនបាន។ «នៅឆ្នាំ១៩៩០ និងឆ្នាំ១៩៩១ ខ្ញុំអាចត្រឹមតែជួបមិត្តភ័ក្តិរបស់ខ្ញុំនៅតាមព្រំដែនប៉ុណ្ណោះ។ លុះដល់ឆ្នាំ១៩៩២ ទើបខ្ញុំអាចឈានជើងជាន់ទឹកដីខ្មែរជាថ្មីម្តងទៀត»។ នេះជាប្រសាសន៍របស់លោក ដែលបានឆ្លើយតបទៅនឹងសំណួររបស់សហការីវ័យក្មេងរបស់ក្រុមហ៊ុន​ និងសហគ្រាស។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំង និងក្រោយពីបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកឱសថសាស្រ្តនៅប្រទេសនោះ លោកឧកញ៉ាឱសថបណ្ឌិត​ ដែលជាអ្នកគ្រប់គ្រង
ឱសថស្ថានមួយនៅទីក្រុងប៉ារីស មិនដែលផ្តាច់ទំនាក់ទំនងជាមួយប្រទេសកំណើតរបស់ខ្លួនម្តងណាឡើយ។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ លោកបានរៀបចំបញ្ជូនថ្នាំពេទ្យទៅប្រទេសកម្ពុជាក្នុងក្របខណ្ឌជំនួយមនុស្សធម៌។ នោះជាឱកាសសម្រាប់ជនភៀសខ្លួនខ្មែរដែលរស់នៅបរទេសចូលរួមចំណែកជួយដល់ក្រុមគ្រួសាររបស់ពួកគេ ដែលរស់នៅប្រទេសកម្ពុជា និងដែលកំពុងតែប្រឈមមុខនឹងកង្វះខាតឱសថព្យាបាលយ៉ាងខ្លាំង។

នៅពេលដែលលោកបានមកដល់ប្រទេសកម្ពុជា លោកបានឃើញផ្ទាល់ភ្នែកពីទុក្ខលំបាក ដែលប្រជាជនខ្មែរជួបប្រទះ ជាពិសេសគឺផ្នែកសុខាភិបាល ហើយបន្ទាប់ពីបានត្រិះរិះពិចារណារកផ្លូវណា ដែលល្អសម្រាប់ជួយប្រជាជនរបស់ខ្លួនមក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ លោកក៏បានរៀបចំឲ្យមានការនាំចូលឱសថពីប្រទេសបារាំងមកកម្ពុជា តាមកុងតឺន័រ។

លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង មានប្រសាសន៍រម្លឹកយ៉ាងដូច្នេះ៖«ស្រុកខ្មែរសម័យនោះសម្បូរថ្នាំអន់ៗ និងថ្នាំក្លែងក្លាយណាស់។ ថ្នាំទាំងនោះត្រូវបានគេដាក់លក់រាយនៅតាមចិញ្ចើមថ្នល់ និងតាមផ្សារ។ ឃើញដូច្នោះ ខ្ញុំក៏ខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព និងឲ្យបានឆាប់រហ័ស ធ្វើយ៉ាងណាឲ្យមានថ្នាំដែលមានគុណភាព សុវត្ថិភាពជាមួយនឹងតម្លៃសមរម្យសម្រាប់ប្រជាជនខ្មែរ»។ គឺគោលគំនិតទាំងអស់នេះហើយដែលបណ្តាលឲ្យលោកឈានទៅបង្កើតមន្ទីរពិសោធន៍ប៉េប៉េអឹមនៅឆ្នាំ១៩៩៦ ហើយលោកក៏បានបរិយាយពន្យល់ពីចំណុចទាំងអស់នេះនៅក្នុងសៀវភៅរបស់លោកដែលមានចំណងឃើងថា «ចករសាត់កាត់ព្យុះកម្ពុជា» បោះពុម្ពនៅឆ្នាំ២០១៥ផងដែរ។

៣០ឆ្នាំក្រោយពីវិលត្រឡប់មកមាតុប្រទេសវិញ លោកឧកញ៉ាឱសថបណ្ឌិតជាមួយនឹងសហការីទាំង៣០០នាក់របស់លោក បានប្រែក្លាយសហគ្រាសផលិតឱសថប៉េប៉េអឹម ឲ្យទៅជាសហគ្រាសផលិតឱសថឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនមួយដ៏សំខាន់ក្នុងចំណោមក្រុមហ៊ុនធំៗនៅកម្ពុជាដែលនាំចេញឱសថទៅក្រៅប្រទេស។ ជាមួយនឹងវត្តមានផលិតផលឱសថរបស់ខ្លួនតាំងពីយូរមកហើយនៅលើទីផ្សារអន្តរជាតិ ជាពិសេសនៅតាមបណ្តាប្រទេសអាហ្រ្វិកនិយាយភាសាបារាំង សហគ្រាសផលិតឱសថប៉េប៉េអឹមបានចូលរួមចំណែកលើកស្ទួយសុខភាពរបស់ប្រជាជនខ្មែរផង និងប្រជាជននៅតាមបណ្តាប្រទេសនៅប៉ែកខាងត្បូងផងដែរ។ បន្ទាប់ពីរៀបរាប់រម្លឹកពីព្រឹត្តិការណ៍សំខាន់ៗនៅក្នុងជីវិតរបស់លោកក្រោយពីត្រឡប់មកកម្ពុជាវិញ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង លាន់មាត់យ៉ាងដូច្នេះ៖«តែមួយពព្រិចភ្នែកសោះគឺ៣០ឆ្នាំទៅហើយ»។ គ្មានអ្វីគួរឲ្យឆ្ងល់ទេ បើយើងក្រឡេកមើលទៅលើសមិទ្ធិផល ដែលលោកសម្រេចបាន៕